លោក ឃឹម ហ្វីណង់៖ សុំចិត្ត អ្នកបង្កើតមាតិការកប្រាក់ចំណូលលើបណ្តាញសង្គម កុំផ្សព្វផ្សាយព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើចមន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឃឹម ហ្វីណង់ នាថ្ងៃទី០៣ ខែធ្នូ បានចេញសារទទួច ដល់អ្នកបង្កើតមាតិកា រកប្រាក់ចំណូលនៅលើបណ្តាញសង្គម សុំចិត្តកុំផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើច ដើម្បីគ្រាន់តែឱ្យគេចូលមើលបានច្រើនអី ព្រោះការលើកឡើងបែបចំអកមួយចំនួន គឺជារឿងមិនត្រឹមត្រូវ។
យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោក ឃឹម ហ្វីណង់- Khim Finan បានលើកឡើងថា៖ ថ្ងៃនេះ លោកមកសហគមន៍ត្រាំកក់ខេត្តតាកែវ ដើម្បីរៀបចំពិធីបែងចែកភាគលាបដល់សមាជិកសហគមន៍កសិកម្មទំនើប។ តែទំនេរ ក៏អូសហ្វេសប៊ុកលេងទៅក៏ឃើញបងប្រុសម្នាក់ ដែលមានទំព័រ ហ្វេសប៊ុក ពូភីសម្តែង គាត់បានសម្តែងតាមរយៈកេះចាប៉ីថា តម្លៃស្រូវ ១គីឡូ ថ្លៃ៨០០រៀល។

លោកបន្តថា ក្រោយពីបានពិនិតឃើញវីដេអូ របស់គាត់, ខ្ញុំក៏បានចូលទៅមើលក្នុងផេករបស់គាត់ ក៏បានឃើញវីដេអូបន្ទាប់ពីគាត់ច្រៀងលេងកម្សាន្តនោះ គឺមានវីដេអូ មួយដែលគាត់បាននិយាយថា គាត់ពិតជាមិននឹកស្មានថា ផេករបស់គាត់ផ្ទុះដល់ប៉ុណ្ណឹងនោះទេ គ្រាន់តែគាត់និយាយពីរឿងកសិកម្មប៉ុណ្ណោះក៏មានគេចូល Like ចូល Share គេចូលមកសរសើរច្រើន។ ជាក់ស្តែងទៅតាមការសង្កេតរបស់ខ្ញុំឃើញថាទំពរ Facebook របស់បងប្រុសឈ្មោះពូ ភីនេះ ជាទំព័រហ្វេសប៊ុកថ្មីដែរទេ ហើយគាត់មានវត្តមាននៅលើ YouTubeផង នៅលើ TikTok ផង ហើយនៅពេលកន្លងមកនៅពេលដែលគាត់និយាយសម្តែងលេងសើចពីបញ្ហាផ្សេងៗមិនមានអ្នកចូលមើលទេ ពេលគាត់លេងសើចពីវិស័យកសិកម្មស្រាប់តែវីដេអូរបស់គាត់ ផ្ទុះមានអ្នកចូលមើលច្រើន។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រូបនេះ បានសង្កត់ធ្ងន់ថា៖ “និយាយដោយត្រង់! ដឹងដែរថា បងប្រុស ជាអ្នកផលិតមាតិកាដើម្បីរកប្រាក់ចំណូលនៅលើបណ្តាញសង្គម ហើយមិនចង់ធ្វើបាបទេ ដោយសារបងប្រុសបានប្រភពចំណូលពីការងារនេះ ហើយបងប្រុសទើបតែចាប់ផ្តើមទេ តែខ្ញុំក្នុងនាមជាអ្នកនាំពាក្យក្រសួង មិនមានជម្រើសអ្វីក្រៅពីចេញមកធ្វើការបកស្រាយ ទប់ស្កាត់មុនពេលដែលទម្លាប់មិនល្អនេះ ក្លាយជាចលនាដែលនាំឱ្យអ្នកផលិតមាតិកាដ៏ទៃ ចាប់ផ្តើមចូលរួមផលិតមាតិកាអវិជ្ជមាន ពាក់ព័ន្ធនិងវិស័យកសិកម្ម ដើម្បីបានភាពល្បីល្បាញ និងបានប្រាក់ចំណេញបន្តិចបន្តួច អំពីការរកប្រាក់ចំណូលពីបណ្តាញសង្គម”។
លោកគូសបញ្ជាក់ថា៖ “ពាក្យសម្តីគ្រាន់តែគាត់លើកឡើងថាថ្លៃត្រឹមតែ៨០០រៀលនេះ គឺជាកំហុសបាត់ទៅហើយ។ ក្នុងនាមជាអ្នកផលិតមាតិកា បងប្រុសមិនគួរផលិតព័ត៌មានមិនពិត ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីតែភាពល្បីល្បាញរបស់ខ្លួនទេ។ សូមបងប្រុសយល់ថា យ៉ាងហោចណាស់បងប្រុសគួរផ្តល់ភាពយុត្តិធម៌ជូនដល់មន្ត្រីកសិកម្មឃុំរបស់យើង ដែលធ្វើការមិនគិតថ្ងៃសៅរ៍ អាទិត្យនោះទេ។ មិនថាថ្ងៃយប់ទេ ធ្វើយ៉ាងណា ជួយដល់បងប្អូនកសិករយើងដើម្បីលក់ស្រូវ និងរកទីផ្សារកសិផលរបស់គាត់ ឱ្យបានត្រឹមត្រូវ។ ដូច្នេះ ជាចុងក្រោយ ខ្ញុំសង្ឃឹមថា សារមួយនេះនឹងក្លាយជាសារទូទៅមួយសម្រាប់បងប្អូនដែលមានឥទ្ធិពលនៅលើបណ្តាញសង្គម ពិសេសអ្នកផលិតមាតិកាលើបណ្តាញសង្គម។

បើយោងតាមលោក ឃឹម ហ្វីណង់ ដដែល លោកមិនបដិសេធ មិនទទួលនូវការរិះគន់ទេ តែសូមផ្តល់ព័ត៌មានដែលពិត សូមយកអាជីពរបស់ខ្លួនធ្វើអ្វី ដើម្បីជាប្រយោជន៍ដល់ប្រជាកសិកររបស់យើង បើមិនបានធ្វើអ្វីសូមចូលរួមផ្សព្វផ្សាយ ជួយបង្កើតនូវភាពវេជ្ជមានដើម្បីប្រយោជន៍រួមក្នុងវិស័យកសិកម្មយើងទាំងអស់គ្នា៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ