សៀមរាប៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា មានបងបង្អូនកសិករ អ្នកបន្ទាយស្រីជាង៥០គ្រួសារ ចាប់អារម្មណ៍ចង់ស្នើសុំចងក្រងជា សហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស នៅជើងភ្នំគូលែន ខេត្តសៀមរាប។
លោកលើកឡើង នៅទីនេះ មានកសិដ្ឋានចម្ការម្ទេសខ្នាតពាណិជ្ជកម្មមួយជាបង្គោលរួចជាស្រាប់ទៅហើយ ដែលមានផ្ទៃដីដាំដុះចំនួន ៣០ហិកតា និងកំពុងសហការជាមួយកសិករមួយចំនួននៅក្នុងតំបន់នេះ ដើម្បីផ្គត់ផ្គង់ម្ទេសជូនក្នុងតម្លៃ ៣០០០រៀលក្នុងមួយគីឡូ។ សមត្ថភាពផ្គត់ផ្គង់ម្ទេសក្នុងពេលបច្ចុប្បន្នមានកម្រិតមធ្យម ប្រមាណ៥០តោនក្នុងមួយខែ ភាគច្រើនជាប្រភេទម្ទេសដៃនាង។

លោក ឃឹម ហ្វីណង់ គូសបញ្ជាក់ថា “តាមការវាយតម្លៃបឋម នៅទីនេះមានសក្តានុពលអាចបង្កើតជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេសបាន ដោយសារមានទីផ្សារនៅរង់ចាំប្រមូលទិញច្បាស់លាស់ និងអាចធ្វើជាទម្រង់ផលិតកម្មកសិកម្មតាមកិច្ចសន្យា តែប្រហែលជាត្រូវការចំណាយពេលវេលាបន្តិចសិន ដោយសារកសិករភាគច្រើនទើបតែចាប់ផ្តើមរៀនដាំដុះម្ទេសជាលើកទីមួយនៅឡើយ”។

ទាក់ទងនិងសហគមន៍កសិកម្មទំនើប, បើយោងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មខាងលើ ធ្លាប់លើកឡើងបច្ចុប្បន្នក្រសួងបានបង្កើតមានសហគមន៍កសិកម្មទំនើបចំនួន៨ ក្នុងនោះមាននៅលើដំណាំបន្ថែម មានស្រូវ ស្វាយចន្ទី និងម្រេច ហើយនៅក្នុងឆ្នាំ២០២៤នេះ ក្រសួងមិនផ្តោតលើបរិមាណសហគមន៍នោះទេ គឺផ្តោតលើគុណភាពច្រើនជាង។ ប៉ុន្តែនៅឆ្នាំក្រោយអាចជាឆ្នាំដែលគ្រោងពង្រីកវិសាលភាពទៅដល់ក្របខណ្ឌទូទាំប្រទេស ហើយប្រហែលជាអាចមានការបន្ថែមទៅលើដំណាំដទៃទៀតផងដែរ។

លោកសង្កត់ធ្ងន់ថា “ជាគោលការណ៍ជារួម សហគមន៍កសិកម្មទំនើបផ្តល់អត្ថប្រយោជន៍ដល់កសិកររបស់យើង មិនថាអត្ថប្រយោជន៍កាត់បន្ថយថ្លៃដើម អត្ថប្រយោជន៍ទទួលបានការគាំទ្រផ្នែកបច្ចេកទេស ការគាំទ្រផ្នែកដើមទុន ការគាំទ្រខាងផ្នែកទីផ្សារ ជាពិសេសអត្ថប្រយោជន៍នៃការកាត់បន្ថយពីហានិភ័យ បើប្រៀបធៀបកសិករធ្វើការផលិតបន្ថែនិងដំណាំរៀងៗខ្លួន”៕


Leave a Reply

Your email address will not be published. Required fields are marked *