ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅចុងខែមករា២០២៥ខាងមុខត្រូវតែដាក់ឱ្យដំណើរការផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង។ សំខាន់គឺចេញដំណើរសិន ហើយយ៉ាងយូរដាច់ខែមករា ការងារផ្សេងៗទៀតចាំដោះស្រាយបន្ត និងត្រូវបង្កើតក្រុមការងារអន្តរក្រសួងមួយដើម្បីចេញដំណើរ។

រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាថ្មី នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ និងប្រៃសណីយ៍ អគ្គិសនីកម្ពុជា។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍បន្ថែមថា យើងមានគម្រោងផ្លូវថ្មើរជើងនេះយូរមកហើយ តែដោយសារស្ថានភាពជួបការលំបាកដូចជាជំងឺកូវីដ-១៩ និងបញ្ហាថវិកាជាដើម ទើបផ្អាកសិន។ ប៉ុន្តែមកដល់ពេលនេះ បន្ទាប់ពីមានការណែនាំរបស់រាជរដ្ឋាភិបាលពីការទាក់ទាញភ្ញៀវទេសចរនៅតាមមូលដ្ឋានរៀងៗខ្លួន ភ្នំពេញបានគិតគូរជំរុញការងារផ្លូវថ្មើរជើងនេះឱ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់ថា ដើម្បីឱ្យគម្រោងនេះបានដំណើរការដោយរលូន ជាជំហានដំបូងគឺបើកផ្លូវថ្មើរជើង ចាប់ពីរៀងរាល់ល្ងាចថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ដោយប្រកាសបិទចរាចរណ៍យានជំនិះគ្រប់ប្រភេទ រៀបចំណត បង្គន់អនាម័យ និងការងាររៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅលើតម្រាយផ្លូវនេះឱ្យបានល្អ ដែលធានាថាគម្រោងនេះនឹងប្រព្រឹត្តទៅដោយរលូន ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា ក្រុមលេខាធិការដ្ឋានរបស់មន្ទីរបានកំពុងដំណើរការពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងលើ រួមទាំងផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបដល់បងប្អូនប្រជាពលរដ្ឋពីអត្ថប្រយោជន៍នៃផ្លូវថ្មើរជើងនេះដែលចែកចេញជា៣តំបន់ដោយសុំឱ្យប្រជាពលរដ្ឋចូលរួម។ ក្នុងនោះមន្ត្រីជំនាញរបស់មន្ទីរសាធារណការបានសិក្សាលម្អិតក្រោមការណែនាំពីឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងគិតដល់ការរៀបចំហេដ្ឋារចនាសម្ពន្ធ័ផ្លូវ តទឹកភ្លើង ពិសេសក៏មានរៀបចំជាស្តង់លក់ដូរបែបផ្សាររាត្រី ហាមមិនឱ្យរថយន្តចេញចូលចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ រួមទាំងការរៀបចំចំណតជាដើម៕


Leave a Reply

Your email address will not be published. Required fields are marked *