រដ្ឋាភិបាលចិន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដោយបន្តផ្តល់ជំនួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ និងទឹកស្អាតនៅកម្ពុជា។នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
នាឱកាសនោះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទដែលប្រែក្លាយតំបន់ជនបទឱ្យមានភាពរីកចម្រើនតាមរយៈការកាត់បន្ថយភាពក្រីក្រ។

លោកបន្តថា តាមរយៈចំណងមិត្តភាពដ៏យូរអង្វែងជាមួយកម្ពុជា ភាគីចិត្តនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដោយបន្តផ្តល់ជំនួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ ការផ្គត់ផ្គង់ទឹកស្អាតជនបទ និងជួយក្នុងការអភិវឌ្ឍភូមិគំរូនៅកម្ពុជាបន្ថែមទៀត។

ជុំវិញរឿងនេះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ក្រសួងបានបន្តដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤រួមមាន៖ ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, ទី២. ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ ទី៣. ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងទី៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ»។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ក៏បានថ្លែងអរគុណដល់រដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រដល់កម្ពុជា និងជាដៃគូសហការយ៉ាងស្អិតល្មួតជាមួយក្រសួងអភិវឌ្ឍន៍ជនបទលើផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ការគាំទ្រលើសេវាទឹកស្អាត និងអនាម័យផងដែរ។

សូមបញ្ចាក់ដែរថា គិតមកដល់បច្ចុប្បន្ននេះ ចិនបានរួមចំណែកជួយដល់កម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសរុបប្រមាណជាង ៣ពាន់លានដុល្លារ និងសាងសង់ខ្សែផ្លូវប្រវែងសរុបប្រមាណជិត ៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានធំៗសរុបប្រមាណ ១៦ស្ពាន ប្រវែងសរុបប្រមាណជាង ១៤ពាន់ម៉ែត្រ៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ