ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc និង ភរិយារបស់លោក គឺ លោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ ព្រមទាំងក្រុមគ្រួសារ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ លោក Chris Larsen និងក្រុមគ្រួសារ ដែលបានមកលេង និងស្នាក់នៅភ្នំពេញ។ ជាមួយនេះដែរ សម្តេច បានកោតសរសើរចំពោះ លោកស្រី ដែលបានពុះពារតស៊ូជំនះឧសគ្គជាច្រើនរហូតបានទៅរស់នៅសហរដ្ឋអាមេរិក (ស.រ.អា) ក្នុងកាលៈទេសៈដែលកម្ពុជាទើបចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
នាឱកាសជំនួបនេះ លោក Chris Larsen បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបរូបលោក និងក្រុមគ្រួសារ ក្នុងអំឡុងពេលនៃការស្នាក់នៅរាជធានីភ្នំពេញ និងបានលើកឡើងថា លោក បានមើលឃើញផ្ទាល់អំពីភាពរីកចម្រើន និងការអភវិឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ជាពិសេស សេដ្ឋកិច្ចកម្ពុជាកំពុងមានសន្ទុះកើនឡើងជាលំដាប់។
លោក Chris Larsen បានបញ្ជាក់បន្ថែមថា លោកនិងក្រុមគ្រួសារនឹងខិតខំធ្វើគ្រប់យ៉ាងដើម្បីរួមចំណែកពង្រឹងនិងពង្រីកនូវទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេស ក្នុងសករាជនៃរដ្ឋបាលថ្មីរបស់ប្រធានាធិបតីDonald Trump តាមរយៈទំនាក់ទំនងធុរកិច្ច។
លោកបន្តថា លោកកំពុងស្វែងរកនូវកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញនូវបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា ដែលមិនត្រឹមអាចជួយរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងរួមជាវិភាគទានដ៏សំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ លោក Chris Larsen ចំពោះការកត់សម្គាល់ជាវិជ្ជមាននៃការរីកចម្រើននិងការអភិវឌ្ឍរបស់កម្ពុជា។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា សម្តេច បានធ្វើការជាមួយនឹងថ្នាក់ដឹកនាំអាមេរិក ចាប់តាំងពីរដ្ឋបាលប្រធានាធិបតី Gorge H. W. Bush រហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេស ធ្លាប់បានជួបប្រាស្រ័យផ្ទាល់ចំនួនពីរដងជាមួយ លោក ដូណាល់ ត្រាំ នៅពេលលោកជាប្រធានាធិបតី ក្នុងរដ្ឋបាលទី១របស់លោក។ សម្តេចតេជោ បានបន្តថា សម្តេចមានក្តីរីករាយ និងគាំទ្រ លោក Chris Larsen ចំពោះការស្វែងរកនូវកាលានុវត្តភាពថ្មីៗក្នុងការនាំចេញនូវបន្ទះសូឡាពីកម្ពុជាទៅសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថា កម្ពុជាមិនមានគោលនយោបាយស្តីពីឧបត្ថម្ភធនដល់សហគ្រាសឯកជន សម្រាប់ការផលិតនំាចេញនោះទេ ដែលវាពិតជាផ្ទុយនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)។
សម្តេច បានសម្តែងការគាំទ្រផងដែរដល់ លោក Chris Larsen ដែលបានបង្ហាញពីបំណងក្នុងការចូលរួមចំណែកពង្រឹងទំនាក់ទំនងរវាងកម្ពុជា និង ស.រ.អា តាមរយៈវិស័យធុរកិច្ច ដោយបានគូសបញ្ជាក់ថា កម្ពុជាតែងតែត្រូវការ និង ស្វាគមន៍ជានិច្ច វិនិយោគិនពីស.រ.អា។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានថ្លែងអំណរគុណ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់លោកស្រី Lyna Lam ទោះបីរស់នៅសហរដ្ឋអាមេរិកយូរយ៉ាងណាក្តី៕