អន្តរជាតិ៖ ប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុន បានបង្ហាញកង្វល់ចំពោះរបស់សុវត្ថិភាពនៃអាហារបំប៉នសុខភាព និងការបាត់បង់ជំនុកចិត្តចំពោះក្រុមហ៊ុនផលិតឱសថ កូបាយ៉ាស៊ិ ហ្វាម៉ាស៊ីធិខល (Kobayashi Pharmaceutical) ក្រោយក្រុមហ៊ុន រាយការណ៍ករណីមានមនុស្ស៥នាក់បានស្លាប់ ដែលអាចជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ផលិតផលអាហារបំប៉នរបស់ខ្លួន។
ក្រុមហ៊ុនផលិតឱសថខ្នាតយក្ស នៅទីក្រុង អូសាកា (Osaka) មួយនេះ បានបញ្ជាក់របាយការណ៍ថា អ្នកទទួលទានអាហារបំប៉នប្រភេទគ្រាប់មានសារធាតុ បេនី-កូជិ (Beni-koji) ដែលមានប្រសិទ្ធភាពបញ្ចុះកម្រិតកូឡេស្តេរ៉ល បានបង្កឲ្យបញ្ហាតម្រងនោម និងជំងឺផ្សេងៗទៀត។
ក្រោយមានរបាយការណ៍ករណីស្លាប់ និងការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាងមួយរយនាក់ ក្រុមហ៊ុនផលិតឱសថមួយនេះ បានប្រមូលយកផលិតផលដែលពាក់ព័ន្ធមកវិញទាំងអស់ និងសូមអភ័យទោសចំពោះបញ្ហានេះ។
ដោយសារមូលហេតុនៃការស្លាប់ និងជំងឺទាក់ទងនឹងការទទួលទានថ្នាំគ្រាប់មានសារធាតុមេដំបែក្រហមរបស់ក្រុមហ៊ុន បច្ចុប្បន្នក្រុមហ៊ុន កូបាយ៉ាស៊ិ កំពុងស្ថិតក្រោមការស៊ើបអង្កេតលើឧបទ្ទវហេតុដេលបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមសាធារណជនជប៉ុនទាក់ទងនឹងសុវត្ថិភាពរបស់អាហារបំប៉នសុខភាពមួយនេះ៕