ឡាវ៖ អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ មកនៅត្រឹម២១,៣ភាគរយ ធ្លាក់ចុះពី៣១,២ភាគរយក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ផ្លូវការដែលចុះផ្សាយដោយសារព័ត៌មាន the Laotion times នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៥។
ទោះបីជាមានការធ្លាក់ចុះក៏ដោយ តម្លៃនៃការរស់នៅនៅតែស្ថិតក្នុងកម្រិតខ្ពស់ពេញមួយឆ្នាំ ដោយទិន្នន័យពីការិយាល័យស្ថិតិជាតិបង្ហាញពីការកើនឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ដែលបានកើនឡើងពី២០៨,៣ក្នុងឆ្នាំ២០២៣ ដល់២៤៣,៥ក្នុងឆ្នាំ២០២៤។
បញ្ហានេះ វាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ ជាពិសេសនៅក្នុងផ្នែកដូចជា ការថែទាំសុខភាព និងអាហារ។ នៅឆ្នាំ២០២៣ ការចំណាយលើតម្រូវការមូលដ្ឋានដូចជាអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល ជាទំនិញដែលប្រជាជនឡាវបានទិញញឹកញាប់បំផុត មានឥទ្ធិពលខ្លាំងបំផុតទៅលើថវិកាគ្រួសារ។ ផ្នែកសំខាន់នៃប្រាក់ចំណូលត្រូវបានបែងចែកទៅលើទំនិញប្រភេទនេះ។
ការចំណាយផ្សេងទៀត ដូចជាការទទួលទានអាហារក្រៅផ្ទះ ការស្នាក់នៅក្នុងសណ្ឋាគារ ការទិញសម្ភារថែទាំសុខភាព ដូចជាការផ្គត់ផ្គង់ថ្នាំពេទ្យ និងការទិញទំនិញប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ និងស្បែកជើងជាដើម ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ នៅឆ្នាំ២០២៤ អាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលបានជួបប្រទះនឹងការកើនឡើងតម្លៃតិចតួច ខណៈការថែទាំសុខភាព និងថ្នាំបានក្លាយជាចំណែកដ៏ធំបំផុតក្នុងការកើនឡើងថ្លៃដើម ដោយសារតែតម្លៃខ្ពស់សម្រាប់ការផ្គត់ផ្គង់វេជ្ជសាស្ត្រនាំចូល។ តម្លៃភោជនីយដ្ឋាន និងសណ្ឋាគារបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែតម្លៃកន្លែងស្នាក់នៅ ទឹក ភ្លើង និងហ្គាសចម្អិនអាហារ បានកើនឡើងបើធៀបនឹងឆ្នាំមុន៕