វៀតណាម៖ យោងតាមសមាគមស្បែក ស្បែកជើង និងកាបូបវៀតណាម (Lefaso) បានឱ្យដឹងថា ឧស្សាហកម្មស្បែកជើងរបស់វៀតណាមកំពុងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចក្រភពអង់គ្លេស-វៀតណាម (UKVFTA) ដើម្បីបង្កើនការនាំចេញស្បែកជើង។ នេះបើតាមការចុះផ្សាយរបស់កាសែត VNexpress នៅថ្ងៃទី ១១ ខែវិច្ឆកា ឆ្នាំ២០២៤។
លោកស្រី Phan Thi Thanh Xuan អនុប្រធាន និងជាអគ្គលេខាធិការ Lefaso បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ការនាំចេញស្បែកជើងរបស់វៀតណាមទៅកាន់ចក្រភពអង់គ្លេស បានកើនឡើង ២៥ ភាគរយ និងរួមចំណែកប្រមាណ ៨ ភាគរយ នៃការនាំចេញសរុបរបស់វៀតណាមទៅអឺរ៉ុប។
ជាមួយគ្នានេះ លោកស្រី Xuân ក៏បាននិយាយផងដែរថា ក្នុងរយៈពេល ៩ ខែដំបូងដើមឆ្នាំ ការនាំចេញស្បែកជើងជាសកលរបស់វៀតណាម បានកើនឡើង 17 ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ប្រមាណ ១៦ ,៥៤ ប៊ីលានដុល្លារ។ កំណើននេះ រួមចំណែកដោយសារការកើនឡើងនៃការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារផ្សេងៗ ទាំងនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិន។
សូមបញ្ជាក់ថា ប្រទេសអង់គ្លេស គឺជាអតិថិជនដ៏ធំមួយសម្រាប់ផលិតផលស្បែកជើងវៀតណាម ទាំងនៅមុខ និងក្រោយពេលប្រទេសនេះចេញពីសហភាពអឺរ៉ុប។ ដោយសារតែ UKVFTA ដែលចូលជាធរមានក្នុងឆ្នាំ ២០២១ ផលិតផលវៀតណាមជាច្រើនទទួលបានអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធ ដូចជាស្បែកជើង វាយនភណ្ឌ និងកាត់ដេរជាដើម៕