វៀតណាម៖ ចាប់តាំងពីខែមេសា ឆ្នាំ២០២៤មក ធនាគាររដ្ឋវៀតណាម ឬ The State Bank of Vietnam ហៅកាត់ SBV បានដាក់លក់ដេញថ្លៃលើទីផ្សារ នូវដុំមាសចំនួន ១៣តោន តាមទេសាភិបាល SBV លោកស្រី Nguyen Thi Hong។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃទី ១២ ខែ១១ ឆ្នាំ២០២៤។

លោកស្រី បានកត់សម្គាល់ថា ធនាគាររដ្ឋវៀតណាមបានផ្គត់ផ្គង់មាស ១.៨២តោន តាមរយៈការដេញថ្លៃ ៩ដង នៅក្នុងខែមេសា និង ខែឧសភា និង ដុំមាស ១១.៥ តោន តាមរយៈធនាគាររដ្ឋចំនួនបួន របស់ប្រទេសវៀតណាម និងក្រុមហ៊ុនគ្រឿងអលង្ការ Saigon ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា។តាមរយៈការកំណត់តម្លៃលក់ថេរ ធនាគារកណ្តាលបានគ្រប់គ្រង និងបង្រួមគម្លាត រវាងតម្លៃមាសក្នុងស្រុក និងអន្តរជាតិ ចន្លោះពី ១១៨ ទៅ ១៩៧ ដុល្លារអាមេរិក ក្នុងមួយតំឡឹង រហូតមកដល់ពេលបច្ចុប្បន្ន។
តាមសារព័ត៌មានដដែល បានបញ្ជាក់ថា ធនាគារកណ្តាលវៀតណាម មិនបានបង្កើនការផ្គត់ផ្គង់លើទីផ្សារ ឬ ដាក់លក់ដេញថ្លៃមាស អស់រយៈពេល ១០ឆ្នាំ មកហើយ ប៉ុន្តែ ទើបតែចាប់ផ្តើមផ្គត់ផ្គង់វិញ ក្នុងឆ្នាំ២០២៤នេះ ជាវិធានការកាត់បន្ថយគម្លាតតម្លៃមាសសកល ដែលគេដឹងថា បានឡើងថ្លៃយ៉ាងគំហុក ក្នុងពេលតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមនោះ។

រដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឱ្យអាជីវកម្មចំនួន ១៦ និងស្ថាប័នឥណទានចំនួន ២២ ធ្វើពាណិជ្ជកម្មមាស ជាង ៦៦៨០អាជីវកម្ម ដើម្បីផលិតជាគ្រឿងអលង្ការ នេះបើតាម VNexpress ដដែល៕


Leave a Reply

Your email address will not be published. Required fields are marked *