លោក Dave Calhoun នាយកប្រតិបត្តិ ឬ CEO របស់ក្រុមហ៊ុនផលិតយន្តហោះ Boeing ដ៏ល្បីល្បាញលើពិភពលោក នឹងលាលែងពីតំណែងនៅចុងឆ្នាំនេះ នៅក្នុងការរង្គោះរង្គើនៃការគ្រប់គ្រងដ៏ធំ ដែលហ៊ុំព័ទ្ធដោយវិបត្តិសុវត្ថិភាពរបស់ក្រុមហ៊ុនផលិតយន្តហោះមួយនេះ ក្រោយទ្វាររបស់យន្តហោះ 737 MAX បានដាច់ធ្លាក់នៅកណ្តាលអាកាសកាលពីខែមករា កន្លងទៅ។

ក្រុមហ៊ុនផលិតយន្តហោះដ៏ធំមួយនេះ ក៏បាននិយាយផងដែរថា លោក Stan Deal ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម Boeing នឹងចូលនិវត្តន៍ ហើយលោក Stephanie Pope នឹងដឹកនាំអាជីវកម្មនោះបន្ត។ លោកSteve Mollenkopf ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលថ្មីរបស់ក្រុមហ៊ុននេះ។

ការផ្លាស់ប្តូរថ្នាក់ដឹកនាំនេះ បានបង្ហាញពីភាពចលាចលជាច្រើនសប្តាហ៍នៅក្រុមហ៊ុន Boeing បន្ទាប់ពីឧបទ្ទវហេតុកណ្តាលអាកាសពាក់ព័ន្ធនឹងយន្តហោះ MAX 9 ដំណើរការដោយក្រុមហ៊ុន Alaska Airlines ដែលដឹកអ្នកដំណើរចំនួន ១៧១ នាក់ ។ចាប់តាំងពីពេលនោះមក បានប្រែក្លាយជាវិបត្តិសុវត្ថិដ៏គួរឲ្យព្រួយបារម្ភ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនផលិតយន្តហោះដ៏ល្បីល្បាញមួយនេះ។

ក្រុមហ៊ុននេះកំពុងប្រឈមនឹងការត្រួតពិនិត្យផ្នែកនិយតករយ៉ាងធ្ងន់ធ្ងរ ហើយក្រុមអាជ្ញាធរអាមេរិកបានទប់ស្កាត់ការផលិត ខណៈខ្លួនព្យាយាមដោះស្រាយបញ្ហាសុវត្ថិភាព និងគុណភាព។ ក្រុមហ៊ុនកំពុងពិភាក្សាដើម្បីទិញអតីតក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ Spirit AeroSystems ដើម្បីព្យាយាមគ្រប់គ្រងបន្ថែមទៀតលើសង្វាក់ផ្គត់ផ្គង់របស់ខ្លួន៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ