អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានចេញការព្រមានដ៏ខ្លាំងក្លាបំផុតរហូតមកអំពីការធ្លាក់ចុះនៃប្រាក់យ៉េន ស្របពេលរូបិយប័ណ្ណនេះ បានធ្លាក់ថ្លៃដល់កម្រិតទាបក្នុងរយៈពេល ៣៤ ឆ្នាំធៀបនឹងប្រាក់ដុល្លារ ដោយលើកឡើងថា អាជ្ញាធរ អាចចាត់វិធានការដ៏ម៉ឹងម៉ាត់ ដែលធ្លាប់ប្រើនៅមុនពេលអន្តរាគមន៍។
លោក Shunichi Suzuki បានប្រើឃ្លា ថាវិធានការម៉ឹងម៉ាត់ ចុងក្រោយនៅក្នុងរដូវស្លឹកឈើជ្រុះកាលពីឆ្នាំ ២០២២កន្លងទៅ នៅពេលប្រទេសជប៉ុន បានធ្វើអន្តរាគមន៍ចុងក្រោយនៅក្នុងទីផ្សារដើម្បីទប់ស្កាត់ការដាំក្បាលចុះនៃប្រាក់យ៉េន។
លោក បានលើកឡើងបែបនេះ នៅក្នុងសប្ដាហ៍នេះ ភ្លាមៗបន្ទាប់ពីប្រាក់ដុល្លារអាមេរិក បានហក់ឡើង ដែលធ្វើឱ្យប្រាក់យ៉េនរបស់ជប៉ុន ធ្លាក់ចុះដល់កម្រិតទាបបំផុតរយៈពេល ៣៤ ឆ្នាំ និងធ្លាក់ចូលទៅក្នុងតំបន់ដែលទាក់ទាញការអន្តរាគមន៍ទីផ្សារជាផ្លូវការក្នុងឆ្នាំ ២០២២ ។
ប្រាក់យ៉េន បានជួញដូរនៅក្នុងតម្លៃ ១៥១,៩៧ យ៉េនក្នុងមួយដុល្លារ ក្នុងវគ្គជួញដូរនៅអាស៊ី ដោយធ្លាក់ចុះប្រហែល ០,២% និងទាបជាងតួលេខ ១៥១,៩៤ យ៉េន ដែលអាជ្ញាធរជប៉ុន ក្នុងអំឡុងខែតុលា ឆ្នាំ២០២២ ត្រូវចូលទិញរូបិយប័ណ្ណមកវិញ៕


Leave a Reply

Your email address will not be published. Required fields are marked *