អាឡឺម៉ង់៖ បើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាឡឺម៉ង់ លោក Robert Habeck បាននិយាយកាលពីថ្ងៃពុធថា សេដ្ឋកិច្ចអាឡឺម៉ង់ ត្រូវគេព្យាករណ៍ថានឹងធ្លាក់ចុះប្រមាណ ០,២% នៅដំណាច់ឆ្នាំ ២០២៤ ដោយសារតែឥទ្ធិពលវិបត្តិអតិផរណា និងតម្លៃអត្រាការប្រាក់ខ្ពស់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuter ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
ជុំវិញរឿងនេះ លោក Robert Habeck បានបន្តបញ្ជាក់ថា បច្ចុប្បន្នអាឡឺម៉ង់ កំពុងផ្តោតការដោះស្រាយបញ្ហាសេដ្ឋកិច្ចទៅលើកត្តាប្រឈមសំខាន់ៗរយៈពេលខ្លី ដែលជាឧបសគ្គសម្រាប់កំណើនសេដ្ឋកិច្ច រួមមានបញ្ហាអតិផរណាខ្ពស់ បញ្ហាអត្រាការប្រាក់ និងបញ្ហាថាមពលប្រើប្រាស់ ទន្ទឹមគ្នានឹងការយកចិត្តទុកដាក់លើការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងរយៈពេលវែង ដើម្បីដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មជំនាញ និងការវិនិយោគធ្លាក់ចុះ។
ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចនេះ បើតាមរបាយការណ៍បានបង្ហាញថា សេដ្ឋកិច្ចអាឡឺម៉ង់ បានធ្លាក់ចុះចំនួន ០,១% សម្រាប់ត្រឹមាសទី ២កន្លងទៅ ក្រោយពីបានស្គាល់កំណើនវិជ្ជមានចំនួន ០,២% កាលពីក្នុងត្រីមាសទី ១ ដែលផ្ទុយពីការព្យាករណ៍ទុករបស់អ្នកជំនាញ អំពីការចាប់ផ្តើមងើបឡើងវិញនៃដំណើរការសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ។ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ចប្រចាំខែ ចេញផ្សាយដោយធនាគារកណ្តាលអាឡឺម៉ង់ កាលពីខែមុន ។
គួរជម្រាបថា តួលេខឱនភាពសេដ្ឋកិច្ច ០,២% របស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាឡឺម៉ង់ខាងលើនេះ គឺជាការកែសម្រួលចេញពីការព្យាករណ៍ដំបូងដែលធ្លាប់បានរំពឹងថា សេដ្ឋកិច្ចអាឡឺម៉ង់ នឹងអាចកើនឡើងប្រមាណ ០,៣% នៅក្នុងឆ្នាំនេះ៕