បរទេស៖ លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា អាស៊ីដែលកំពុងរួមចំណែក៦០ភាគរយដល់កំណើនពិភពលោក គឺជាមហាអំណាចនៃសេដ្ឋកិច្ចពិភពលោក។នេបើតាមការចេញផ្សាយរបស់សារព័ត៌មាន ចិនស៊ីនហួ នៅថ្ងៃទី ៣០ខែតុលា ឆ្នាំ២០២៤។

លោក Krishna Srinivasan លើកឡើងថា នៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (WEO) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី២៩តុលា IMF បានរក្សាការព្យាករកំណើនសកលរបស់ខ្លួននៅឆ្នាំ២០២៤ នៅត្រឹម៣,២ភាគរយស្របតាមការព្យាកររបស់ខ្លួននៅក្នុងខែកក្កដា។ ទន្ទឹមនឹងនោះ សេដ្ឋកិច្ចអាស៊ីដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍ ត្រូវបានគេរំពឹងថានឹងកើនឡើង៥,៣ភាគរយ។ ទោះយ៉ាងណា មន្ត្រី IMF បានកត់សម្គាល់ថា តំបន់អាស៊ីក៏នឹងត្រូវប្រឈមមុខនឹងហានិភ័យនៃការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិត (AI) ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាដើម។

ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ រូបនេះដដែលបានបន្តថា ឥទ្ធិពលនៃការបែកបាក់ភូមិសាស្ត្រសេដ្ឋកិច្ចនៅអាស៊ី គឺមានការព្រួយបារម្ភជាពិសេស។ យោងតាមការប៉ាន់ប្រមាណរបស់ IMF មានវិធានការរឹតត្បិតពាណិជ្ជកម្មប្រហែល១០០០ ក្នុងឆ្នាំ២០១៩ ប៉ុន្តែនៅឆ្នាំ២០២៣ ចំនួននេះបានកើនដល់៣០០០។ លោក ស្រ៊ីនីវ៉ាសាន បានជំរុញឱ្យអ្នកបង្កើតគោលនយោបាយ ផ្តោតលើមធ្យោបាយដើម្បីកាត់បន្ថយការរឹតបន្តឹងពាណិជ្ជកម្មទាំងនេះ។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ផ្តល់នូវវេទិកាដ៏ល្អមួយសម្រាប់កិច្ចសន្ទនាបែបនេះ ព្រោះនេះគឺជាក្រុមនៃសេដ្ឋកិច្ចចំនួន២១ប្រទេស មានផ្នែកធំនៃពាណិជ្ជកម្មពិភពលោក។

ក្នុងនោះផងដែរ របាយការណ៍ចុងក្រោយរបស់ WEO បានបង្ហាញថា សេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថានឹងកើនឡើង៤,៨ភាគរយនៅឆ្នាំនេះ ធ្លាក់ចុះ០,២ភាគរយពីការព្យាករពីមុន៕


Leave a Reply

Your email address will not be published. Required fields are marked *