ចិន៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានរាយការណ៍ពីការលក់កើនឡើង នៅថ្ងៃពុធ ដោយបានយកឈ្នះលើក្រុមហ៊ុនប្រកួតប្រជែងសកល Tesla ក្នុងប្រាក់ចំណូលប្រចាំត្រីមាស ជាលើកដំបូង, ខណៈការជំរុញការលក់នៅទីផ្សារក្រៅប្រទេសរបស់ខ្លួន មានការរីកចម្រើន។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានរាយការណ៍ពីប្រាក់ចំណូលប្រតិបត្តិការ ចំនួន២០១.១ពាន់លានយ័ន (២៨.២ពាន់លានដុល្លារ) នៅអំឡុងត្រីមាសទី៣, ជារបាយការណ៍នៅឯ Hong Kong Stock Exchange បានបង្ហាញ ដោយមានការកើនឡើង២៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
តួលេខប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen នេះ គឺជាលើកដំបូងដែលកើនលើស ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla ដែលកាលពីសប្តាហ៍មុន បានបង្ហាញប្រាក់ចំណូលត្រីមាសទី៣ មានចំនួន២៥.២ពាន់លានដុល្លារ។
ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន BYD អំឡុងត្រីមាសទី៣ មានចំនួន១១.៦ពាន់លានយ័ន (១.៦ពាន់លានដុល្លារ), កើនឡើង១១.៥ភាគរយ ធៀបនឹងត្រីមាសទី៣ ឆ្នាំមុន។ប៉ុន្តែក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk វិញ បានរាយការណ៍កាលពីសប្តាហ៍មុន នូវប្រាក់ចំណេញសុទ្ធនៅត្រីមាសទី៣ មានចំនួន២.២ពាន់លានដុល្លារ, កើនឡើង១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕