ប្រទេសជប៉ុន ៖ ប្រទេសជប៉ុន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បានសម្រេចបញ្ចប់​គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួន ដែលជាការកត់សម្គាល់ការផ្លាស់ប្ដូរជាប្រវត្តិ​សាស្ត្រ ហើយជាផ្នែកមួយនៃការសម្រេចចិត្តនេះ ធនាគារកណ្ដាលជប៉ុន ដែលហៅកាត់ថា «BOJ» បានដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល១៧ឆ្នាំ ដោយបានលើកអត្រាការប្រាក់រយៈពេលខ្លីចន្លោះពី ០ ទៅ ០.១% ជំនួសអត្រាចាស់ -០.១%។

ការផ្លាស់ប្ដូរនេះបានធ្វើឱ្យប្រទេសជប៉ុន ក្លាយជាធនាគារកណ្ដាលចុងក្រោយក្នុងការបោះបង់ចោលអត្រាការប្រាក់អវិជ្ជមាន ខណៈអត្រាការប្រាក់អវិជ្ជមានត្រូវបានអនុវត្តនៅក្នុងប្រទេសជប៉ុនតាំងពីឆ្នាំ ២០១៦។

ធនាគារកណ្ដាលជប៉ុនបានប្រយុទ្ធប្រឆាំងនឹងបរិត្តផរណា និងការជាប់គាំងសេដ្ឋកិច្ចតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ មកម្ល៉េះ ហើយនៅពេលដែលអតិផរណាកើនឡើង និងអត្រាការប្រាក់កន្លែងផ្សេងទៀតក៏កើនឡើង សម្ពាធបានធ្លាក់លើធនាគារកណ្ដាលជប៉ុនកាន់តែខ្លាំង ដើម្បីកាត់បន្ថយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួន។

លោក Kazuo Ueda ទេសាភិបាលធនាគារកណ្ដាលជប៉ុន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការសម្រេចចិត្តនេះថា «យើងបានត្រឡប់ទៅគោលនយោបាយរូបិយវត្ថុធម្មតា ដែលផ្តោតលើអត្រាការប្រាក់រយៈពេលខ្លីដូចទៅនឹងធនាគារកណ្ដាលដទៃផ្សេងទៀតដែរ។

ប្រសិនបើអតិផរណាមាននិន្នាការកើនឡើងបន្តិច នោះអាចនាំឱ្យមានការកើនឡើងនៃអត្រាការប្រាក់រយៈពេលខ្លី»។ ទោះយ៉ាងណាក៏ដោយ លោក Ueda បាននិយាយដោយមិនបានបញ្ជាក់លម្អិតអំពីល្បឿន និងពេលវេលានៃការដំឡើងអត្រាការប្រាក់បន្ថែមទៀតនោះទេ។

ជាមួយគ្នានោះផងដែរ ធនាគារកណ្ដាលជប៉ុន ក៏បានប្រកាសបោះបង់ចោលគោលនយោបាយគ្រប់គ្រងខ្សែកោងទិន្នផល ដែលត្រូវបានណែនាំក្នុងឆ្នាំ ២០១៦ ដែលអនុញ្ញាតឱ្យមានការប្រែប្រួលអត្រាការប្រាក់រយៈពេលវែង។ មិនតែប៉ុណ្ណោះ ធនាគារកណ្ដាលជប៉ុន ក៏បានសម្រេចចិត្តបញ្ឈប់ការទិញទ្រព្យសកម្មប្រថុយប្រថានដូចជា មូលនិធិប្តូរប្រាក់ និងការជឿទុកចិត្តលើការវិនិយោគអចលនទ្រព្យរបស់ជប៉ុន។

ប្រាក់យ៉េនជប៉ុនបានធ្លាក់ចុះ បន្ទាប់ពីការផ្លាស់ប្ដូររបស់ធនាគារកណ្ដាល ដោយធ្លាក់ចុះ ១% នៅក្នុងតម្លៃ ១៥០.៦៩យ៉េនក្នុង១ដុល្លារអាម៉េរិក គិតត្រឹមល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន ឬ NIRP គឺជាគោលនយោបាយរូបិយវត្ថុ ប្រើប្រាស់ដោយធនាគារកណ្ដាល ដែលអត្រាការប្រាក់ត្រូវបានកំណត់ដោយតម្លៃអវិជ្ជមាន ឬក្រោមសូន្យ ដោយកើតឡើងអំឡុងពេលបរិត្តផរណា ឬការថយចុះទូទៅនៃកម្រិតតម្លៃទំនិញ និងសេវាកម្ម។ អត្រាការប្រាក់អវិជ្ជមានប្រើប្រាស់ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុ ហើយត្រូវបានអនុម័តផ្លូវការក្រោមកាលៈទេសៈសេដ្ឋកិច្ចពិសេសតែប៉ុណ្ណោះ៕
(ប្រភព ៖ CNN, Reuters និង AP)


Leave a Reply

Your email address will not be published. Required fields are marked *