អាមេរិក ៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia បានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលធ្វើឱ្យក្រុមហ៊ុននេះមានតម្លៃថ្លៃបំផុតដំបូងគេក្នុងប្រវត្តិសាស្ត្រទីផ្សារភាគហ៊ុន បន្ទាប់ពីឈានដល់តម្លៃ ៣.៦ ពាន់ពាន់លានដុល្លារ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការកើនឡើងតម្លៃភាគហ៊ុនរបស់ Nvidia នៅពេលនេះ គឺបន្ទាប់ពីការវិលត្រឡប់មកសេតវិមានវិញរបស់លោក Donald Trump ដែលទើបជាប់ឆ្នោតថ្មីៗ។

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប AI មួយនេះ ហាក់លេចធ្លោខ្លាំងនិងបានកើនឡើង ២.២% បន្ថែមទៀត ខណៈអ្នកវិនិយោគជាច្រើនបង្ហាញពីគំនិតសុទិដ្ឋិនិយមអំពីការកាត់បន្ថយពន្ធ និងការបន្ធូរបន្ថយផ្នែកច្បាប់ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតរបស់បេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump។

តម្លៃទីផ្សារភាគហ៊ុនរបស់ Nvidia បានបញ្ចប់នៅតម្លៃ ៣.៦៥ពាន់ពាន់លានដុល្លារ ដោយបានផ្តួលក្រុមហ៊ុន Apple មានចំនួន ៣.៥៧ពាន់ពាន់លានដុល្លារ។ Nvidia គឺជាក្រុមហ៊ុនដែលយកឈ្នះក្នុងទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក ក្រោយវ៉ាដាច់គូប្រជែងធំៗដូចជា ក្រុមហ៊ុន Microsoft, Alphabet និងបានបង្កើតសមត្ថភាពកុំព្យូទ័រ AI ព្រមទាំងបានគ្រប់គ្រងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនមួយនេះថែមទៀត៕  


Leave a Reply

Your email address will not be published. Required fields are marked *