ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្សរបស់ចិន ByteDance ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមេរបស់ TikTok ត្រូវបានរាយការណ៍ថាបានកើនឡើងតម្លៃដល់ទៅ ៣០០ពាន់លានដុល្លារ ជាលើកដំបូង បន្ទាប់ពីបានដាក់ចេញកម្មវិធីទិញភាគហ៊ុនត្រឡប់មកវិញ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន The Wall Street Journal ។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន ByteDance បានផ្តល់ជូនដំណឹងកាលពីពេលថ្មីៗនេះ ដោយស្នើសុំទិញចូលភាគហ៊ុនពីក្រុមអ្នកវិនិយោគវិញ ដោយផ្តល់ជូននូវតម្លៃប្រមាណជាង ១៨០ដុល្លារ ក្នុងមួយហ៊ុន ខណ:ចំនួននេះ គឺបានកើនឡើង ១២,៩% បើធៀបទៅនឹងការទិញចូលហ៊ុនលើកចុងក្រោយរបស់ពួកគេ។

គួរឲ្យដឹងផងដែរថា ជុំវិញផែនការក្នុងការទិញចូលភាគហ៊ុនត្រលប់មកវិញនេះ បានកើតឡើង នៅចំពេលដែលក្រុមហ៊ុន ByteDance កំពុងប្រឈមមុខទៅនឹងផ្លូវច្បាប់នៅសហរដ្ឋអាមេរិក ដែលស្ថិតក្រោមការត្រួតពិនិត្យដោយវិធានការនយោបាយថ្មីៗ នៅទីនោះ។

ជម្រាបជូនថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់មួយ កាលពីថ្ងៃទី២៤ ខែមេសា ដោយទុកពេលឲ្យក្រុមហ៊ុន ByteDance ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំក្រោយ ដើម្បីលក់ TikTok ចេញ បើមិនដូច្នេះទេពួកគេនឹងត្រូវប្រឈមមុខនឹងការហាមឃាត់មិនឲ្យដំណើរការអាជីវកម្មនៅលើទឹកដីសហរដ្ឋអាមេរិកទៀតនោះឡើយ៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ