រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអាស៊ាន ក្នុងនោះមានទាំងប្រទេសកម្ពុជាផងនោះ បានសម្រេចឯកភាពគ្នា ដោយសម្រេចអនុម័តលើឯកសារសំខាន់ៗចំនួន ៧ ដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនអាស៊ានកាន់តែប្រសើរ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់។

ការឯកភាពអនុម័តលើឯកសារសំខាន់ៗចំនួន ៧ បានធ្វើឡើងនៅតាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំនេះ លោក  ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំខាងលើរៀបចំឡើងក្នុងគោលបំណងចំនួន២ សំខាន់គឺ១. ពិនិត្យការអនុវត្តផែនការសកម្មភាពនៅក្នុងក្របខណ្ឌអាស៊ានដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងកំណត់ទិសដៅ គោលនយោបាយ និងផែនការសកម្មភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ និង២. ពិនិត្យផែនការសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៥ ជាមួយដៃគូអភិវឌ្ឍន៍ រួមមាន៖ អាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ, និងអាស៊ាន-អាម៉េរិក។
ទន្ទឹមគ្នានេះ លោក ប៉េង ពោធិ៍នា ក៏បានធ្វើបទអន្តរាគមន៍ជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់ផ្ទៃក្នុងប្រទេស ក៏ដូចជាការតភ្ជាប់កម្ពុជាជាមួយប្រទេសជិតខាង និងក្នុងតំបន់ផងដែរ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី៣០នេះ រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន បានពិភាក្សាលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនៅគ្រប់វិស័យដឹកជញ្ជូនរួមមាន៖ ១. ការដឹកជញ្ជូនផ្លូវគោក ២. ការដឹកជញ្ជូនផ្លូវទឹក និងផ្លូវសមុទ្រ ៣. ការដឹកជញ្ជូនផ្លូវអាកាស និង៤. កិច្ចសម្របសម្រួលការដឹកជញ្ជូន។

ជាលទ្ធផល កិច្ចប្រជុំពេញអង្គកាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបានអនុម័តនូវឯកសារសំខាន់ៗចំនួន ៧ រួមមាន ៖ ១. ផែនការអាទិភាពប្រចាំឆ្នាំ២០២៥ ២. ការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធហោះហើរអូនស្តុបអូវើ (Own Stopover Right) រវាងចំណុចហោះហើរនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត ៣. ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងអាស៊ាន-នូវែលសេឡង់ នៅក្នុងឆ្នាំ២០២៥ ៤. គោលការណ៍ណែនាំរបស់អាស៊ាន ស្តីពីយានយន្តអគ្គិសនីធុនស្រាល៥. គោលការណ៍ណែនាំរបស់អាស៊ាន ស្តីពីការដឹកជញ្ជូនទំនិញក្នុងទីប្រជុំជន ៦. គោលការណ៍ណែនាំអាស៊ាន ស្ដីពីភាពជាដៃគូរដ្ឋ និងឯកជន ក្នុងវិស័យកំពង់ផែ និង ៧. គោលការណ៍ណែនាំអាស៊ាន ស្តីពីការធ្វើឌីជីថលកំពង់ផែ និងស្វ័យប្រវត្តិកម្ម៕


Leave a Reply

Your email address will not be published. Required fields are marked *