បាងកក: ការវិនិយោគរបស់ជនជាតិចិននៅទីក្រុងឈៀងម៉ៃ កំពុងកើនឡើងយ៉ាងឆាប់រហ័ស និងបង្កជាក្តីបារម្ភនាពេលអនាគតលើឯករាជ្យភាពសេដ្ឋកិច្ចរបស់ទីក្រុងមួយនេះ។ លោក Naret Puntasrivichai វ័យ៤៣ឆ្នាំដែលបើកអាជីវកម្មជួលផ្ទះប្រចាំខែនៅស្រុក Hang Dong ក្នុងខេត្តឈៀងម៉ៃអះអាងថា“ប្រសិនបើក្រុមអ្នកវិនិយោគចិនបន្តចូលមកទិញអចលនទ្រព្យ ដើម្បីជួលក្នុងតម្លៃខ្ពស់សម្រាប់តែអ្នកជួលជាជនជាតិចិន នោះប្រជាជនថៃ ដែលរស់នៅពឹងផ្អែកលើប្រាក់ខែនឹងជួបការលំបាក”។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ប្រជាជនចិនបានទិញផ្ទះជាង១.០០០យូនីតនៅឈៀងម៉ៃ ជាមួយនឹងទុនវិនិយោគប្រហែល៨៦,១លានដុល្លារទៅ១៤៣,៥លានដុល្លារ (តាមសមាគមអចលនទ្រព្យខេត្តឈៀងម៉ៃ)។