ចិន៖ ប្រទេសចិន បានប្រកាសហាមឃាត់ការនាំចេញ សារធាតុរ៉ែសំខាន់ៗមួយចំនួន ដូចជា ហ្គាលីញ៉ូម (gallium) ហ្គេម៉ាញ៉ូម (germanium) និងអង់ទីម៉ូនី (antimony) ទៅកាន់សហរដ្ឋអាមេរិក ដោយលើកឡើងពីហេតុផលសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០២៤។

ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់កំហិតលើការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ដែលជាវិធានការចុងក្រោយ ក្នុងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ។
ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ការហាមឃាត់នេះមានប្រសិទ្ធភាពភ្លាមៗ និងអនុវត្តចំពោះតែសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ក្រសួងក៏បានទាមទារឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើការប្រើប្រាស់វត្ថុធាតុដើម ដែលនាំចេញទៅអាមេរិក។ ការហាមឃាត់នេះ គឺជាការពង្រីកការអនុវត្តដែនកំណត់ដែលមានស្រាប់ លើការនាំចេញសារធាតុរ៉ែសំខាន់ៗ ដែលទីក្រុងប៉េកាំង បានចាប់ផ្តើមកាលពីឆ្នាំមុន។

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីថ្ងៃអង្គារថា «ជាគោលការណ៍ ការនាំចេញហ្គាលីញ៉ូម ហ្គេមេនីញ៉ូម អង់ទីម៉ូនី និងសម្ភារៈរឹង ទៅកាន់សហរដ្ឋអាមេរិក មិនត្រូវបានអនុញ្ញាតទេ»។
សារធាតុរ៉ែទាំងនេះ មានសារៈសំខាន់ សម្រាប់ឧស្សាហកម្មផលិតបន្ទះឈីប បច្ចេកវិទ្យាអ៊ីនហ្វ្រារ៉េដ (infrared technology) និងឧបករណ៍អេឡិចត្រូនិក។ ជាឧទាហរណ៍ ហ្គាលីញ៉ូម និងហ្គេម៉ាញ៉ូម ត្រូវបានប្រើប្រាស់ក្នុងការផលិតបន្ទះឈីប ចំណែកឯ ហ្គេម៉ាញ៉ូមក៏ត្រូវបានប្រើក្នុងបច្ចេកវិទ្យាអ៊ីនហ្វ្រារ៉េដ ខ្សែកាបអុបទិក និងកោសិកាពន្លឺព្រះអាទិត្យ។ អង់ទីម៉ូនី ត្រូវបានប្រើក្នុងការផលិតគ្រាប់រំសេវ កាំជ្រួចអ៊ីនហ្វ្រារ៉េដ អាវុធនុយក្លេអ៊ែរ និងវ៉ែនតាពេលយប់៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ