ថៃ៖ ក្រសួងពាណិជ្ជកម្មថៃ បានកំណត់គោលដៅនាំចេញអង្ករចំនួន ៧,៥លានតោនសម្រាប់ឆ្នាំ២០២៥ ដែលធ្លាក់ចុះពីចំនួនប្រមាណ ១០លានតោននៅឆ្នាំនេះ។
អ្នកស្រី Arada Fuangtong អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា ក្រសួងបានកំណត់គោលដៅនាំចេញទាបជាងឆ្នាំនេះ សម្រាប់ឆ្នាំក្រោយ ដោយសារតែប្រទេសឥណ្ឌាចាប់ផ្តើមនាំចេញអង្ករសឡើងវិញ។ លើសពីនេះ ផលិតកម្មស្រូវសកលត្រូវបានរំពឹងថា នឹងកើនឡើងដោយផ្អែកលើការថមថយ ស្ថានភាពគ្រោះរាំងស្ងួត និងលទ្ធភាពទទួលបានទឹកសម្រាប់ការដាំដុះ មានភាពប្រសើរឡើង ដែលអាចបង្កឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង នៅក្នុងទីផ្សារអង្ករពិភពលោក។
អ្នកស្រី Arada បាននិយាយថា សម្រាប់រយៈពេល ១១ខែដំបូងក្នុងឆ្នាំនេះ ការនាំចេញអង្ករបានកើនឡើង ១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៩,២៧លានតោន។ បរិមាណនេះត្រូវបានរំពឹងថានឹងឡើងដល់ ១០លានតោនដែលមានតម្លៃយ៉ាងហោចណាស់ ៦ពាន់លានដុល្លារ។
អ្នកស្រីថ្លែងបន្តថា ឆ្នាំនេះត្រូវបានគេចាត់ទុកថា ជាឆ្នាំមាសសម្រាប់ការនាំចេញអង្ករ ដោយទំហំនាំចេញអាចកើនដល់ ១០លានតោន»។បន្ថែមពីលើការកើនឡើងនៃបរិមាណនាំចេញ តម្លៃអង្ករនាំចេញជាមធ្យមសម្រាប់រយៈពេល ១០ខែដំបូងនៃឆ្នាំនេះបានកើនឡើងផងដែរ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕