វៀតណាម៖ ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម បានបង្ហាញនៅថ្ងៃចន្ទទី៦ ខែមករានេះថា ផលិតផលក្នុងស្រុកសរុប(GDP)របស់វៀតណាម កើនឡើង ដល់៧,០៩ភាគរយកាលពីឆ្នាំមុន ខណៈកាលពីឆ្នាំ២០២៣ GDP វៀតណាមមានកំណើន៥,០៥ភាគរយ។ ការងើបឡើងនៃទំហំសេដ្ឋកិច្ចឥតឈប់ឈររបស់វៀតណាម គឺដោយសារទំហំនៃការនាំចេញ និងរំហូរវិនិយោគិនបរទេស…។

របាយការណ៍បានបង្ហាញថា GDP របស់ប្រទេសវៀតណាម បានកើនឡើង៧,៥៥ភាគរយ នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២៤។ ប្រទេសកុម្មុយនីស្ដវៀតណាមគឺជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ដ៏សំខាន់ និងបានទទួលអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃការប្រើប្រាស់សកល បើទោះបីជាត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះទីហ្វុងដ៏ខ្លាំងបំផុតរបស់អាស៊ីកាលពីឆ្នាំមុនក៏ដោយ។

ជាមួយគ្នានេះ របាយការណ៍បានបង្ហាញថា ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ២០២៤ បានកើនឡើង១៤,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដល់ទៅ៤០៥,៥៣ពាន់លានដុល្លារអាម៉េរិក ផ្តោតលើការនាំចេញគ្រឿងអេឡិចត្រូនិច ស្មាតហ្វូន សម្លៀកបំពាក់ និងផលិតផលកសិកម្ម។ ដោយឡែក ការនាំចូលរបស់វៀតណាមបានកើនឡើង១៦,៧ភាគរយ ដល់៣៨០,៧៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ បណ្តាលឱ្យមានអតិរេកពាណិជ្ជកម្ម២៤,៧៧ពាន់លានដុល្លារ។

ការិយាល័យស្ថិតិទូទៅGSO បានសង្កត់ធ្ងន់លើសារសំខាន់នៃការតាមដានគោលនយោបាយរូបិយវត្ថុធ្វើឱ្យមានស្ថិរភាពអត្រាប្តូរប្រាក់ និងការតាមដានដៃគូពាណិជ្ជកម្មធំៗយ៉ាងកៀកបំផុតដើម្បីអនុវត្តគោលនយោបាយទាំងអស់ឱ្យទាន់ពេលវេលា។
ការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៃកំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ២០២៤ ក៏ត្រូវបានជួយជំរុញដោយរដ្ឋាភិបាលក្នុងការបង្កើនការនាំចូលធ្យូងថ្មសម្រាប់ផលិតថាមពលផងដែរ ដើម្បីជៀសវាងកង្វះខាតថាមពលអគ្គិសនី។ ការនាំចូលធ្យូងថ្មក្នុងឆ្នាំ២០២៤ បានកើនឡើង២៤,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដល់ទៅ៦៣,៨លានតោន ខណៈទិន្នផលអគ្គិសនីក្នុងឆ្នាំ២០២៤ កើនឡើង៩,៦ភាគរយ ពោលគឺដល់ទៅ២៩៣,៣ពាន់លានគីឡូវ៉ាត់ម៉ោង៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ