ជប៉ុនកំពុងសិក្សាស្វែងយល់ពីបរិយាកាសនៃការវិនិយោគនៅប្រទេសកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធសភាខេត្ត Kumamoto ប្រទេសជប៉ុន តំណាងដោយ លោក Saburo Matsuda អតីតប្រធានសភាខេត្ត ក្នុងគោលបំណងសិក្សាស្វែងយល់អំពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបរិយាកាសវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្តើម លោក Matsuda បានថ្លែងអំណរគុណជូនចំពោះក្រុមការងារដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារនាឱកាសនេះ។ បន្ថែមពីនេះ លោកក៏បានបង្ហាញនូវការកត់សម្គាល់ខ្ពស់ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាដែលមានភាពរីកលូតលាស់លឿនរហ័សប្រកបដោយភាពធន់។ ក្នុងស្មារតីនេះ គណៈប្រតិភូសហព័ន្ធសភាខេត្ត Kumamoto បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការសិក្សាស្វែងយល់បន្ថែមអំពីចក្ខុវិស័យ និងបរិយាកាសវិនិយោគរបស់កម្ពុជា សំដៅពាំនាំយកទៅផ្សព្វផ្សាយបន្ថែមទៅកាន់សហគមន៍ធុរកិច្ចនៅប្រទេសជប៉ុន។…