សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា តែងគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្ម
ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អាស៊ាន ដែលមានការតភ្ជាប់ឆ្លងព្រំដែន មានរំហូរព័ត៌មានដោយសេរី និងមានការផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋគ្រប់រូបឱ្យប្រើប្រាស់ឧបករណ៍នៃយុគសម័យឌីជីថល។ កម្ពុជា តែងគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្មផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គម្រោងប្រកបដោយចក្ខុវិស័យវែងឆ្ងាយបែបនេះ នឹងជំរុញឱ្យមាន សន្តិសុខថាមពល និងបង្កើតឱ្យមានកាលានុវត្តភាពសេដ្ឋកិច្ច តាមរយៈរំហូរនៃថាមពលស្អាតឆ្លងកាត់ព្រំដែន។ ការណ៍នេះនឹងជួយពង្រឹងឧស្សាហកម្ម ពង្រឹងសហគមន៍ និងធ្វើឱ្យអាស៊ានក្លាយទៅជាតំបន់ឈានមុខក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។…