ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Honda និង Nissan បានឈានដល់ការប្រកាសជាផ្លូវការនូវការច្របាច់បញ្ចូលគ្នា នៅក្នុងឆ្នាំ២០២៦ ខាងមុខ ចំពេលមានការប្រកួតប្រជែងដណ្តើមចំណែកទីផ្សារកាន់តែខ្លាំង ជាពិសេសពីសំណាក់ក្រុមហ៊ុនផលិតរថយន្តរបស់ចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញផែនការរួមបញ្ចូលគ្នានេះ អាចនឹងធ្វើឲ្យពួកគេក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតទី៣ របស់ពិភពលោក ពោលគឺបន្ទាប់ពីក្រុមហ៊ុន Toyota និង Volkswagen។

មិនតែប៉ុណ្ណោះ ផែនការនេះ ក៏នឹងផ្តល់ឲ្យក្រុមហ៊ុនទាំងពីរ អាចពង្រីកទំហំ និងឱកាសដើម្បីចែករំលែកធនធានគ្នាទៅវិញទៅមក ចំពេលកំពុងមានការប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីសំណាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងគូប្រជែងរបស់ចិនដូចជា BYD ជាដើម។

គួរឲ្យដឹងផងដែរថា ការរួមបញ្ចូលគ្នានៃក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនផលិតរថយន្តធំទីពីររបស់ប្រទេសជប៉ុន ជាមួយនឹង Nissan ដែលជាក្រុមហ៊ុនផលិតរថយន្តធំរបស់ជប៉ុនទី៣ នឹងក្លាយជាការផ្លាស់ប្តូរដ៏ធំបំផុតមួយ នៅក្នុងឧស្សាហកម្មរថយន្តពិភពលោក ពោលគឺចាប់តាំងពីការរួមបញ្ចូលគ្នា រវាងក្រុមហ៊ុន Fiat Chrysler Automobiles និង PSAនៅឆ្នាំ២០២១ ដើម្បីបង្កើតជាក្រុមហ៊ុនថ្មី Stellantis នៅក្នុង​កិច្ចព្រមព្រៀងដែលមានតម្លៃដល់ទៅ ៥២ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុនរថយន្តជប៉ុនខ្នាតយក្សទាំងពីរ ក៏បាននិយាយទៀតថាក្រុមហ៊ុន Mitsubishi Motors ដែលមាន Nissan ជាម្ចាស់ភាគហ៊ុនកំពូលនោះ ក៏កំពុងពិចារណាចូលរួមនៅក្នុងការរួមបញ្ចូលគ្នានេះផងដែរ ដោយពួកគេនឹងធ្វើការសម្រេចចិត្តចុងក្រោយ នៅចុងខែមករាខាងមុខ។

ជម្រាបជូនថា តាមរយៈការរួមបញ្ចូលគ្នាដ៏មានសក្តានុពលនេះ ទាំង Honda និង Nissan មានបំណងលក់រួមគ្នាឲ្យឈានដល់ចំនួន ៣០ទ្រីលានយ៉េន (១៩១ពាន់លានដុល្លារ) និងប្រាក់ចំណេញប្រតិបត្តិការលើសពី​ ៣ទ្រីលានយ៉េន៕


Leave a Reply

Your email address will not be published. Required fields are marked *