ប្រេស៊ីល បញ្ជាឲ្យផ្អាកសាងសង់រោងចក្ររបស់ BYD ក្រោយរកឃើញថាកម្មករធ្វើការប្រៀបដូចជាទាសករ
អាជ្ញាធរប្រេស៊ីល បានបញ្ជាឲ្យផ្អាកការសាងសង់រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិន BYD បណ្តោះអាសន្ន បន្ទាប់ពីរកឃើញថាកម្មករសំណង់នៅទីនោះធ្វើការ និងរស់នៅប្រៀបបីដូចជាទាសករ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាការងារសាធារណៈ (MPT) បានបង្ហាញឲ្យដឹងថា កម្មករដែលជាជនជាតិចិនជាង ១៦០ នាក់ ត្រូវបានជួយសង្គ្រោះ នៅទីតាំងសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន BYD ដែលស្ថិតនៅក្នុងរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល។ ប្រភពដដែលនេះ បាននិយាយទៀតថា កម្មករសំណង់ទាំងនោះ ត្រូវបានបង្ខិតបង្ខំឲ្យធ្វើការងារជាច្រើន ពោលគឺសឹងតែគ្មានពេលឈប់សម្រាក ស្របពេលលិខិតឆ្លងដែន និងប្រាក់ខែរបស់ពួកគេ ត្រូវបានក្រុមហ៊ុនម៉ៅការសាងសង់ដកហូតទុកផងដែរ។ ទន្ទឹមនឹងនេះ អធិការកិច្ចការងារ…